ទំព័រដើម » » ប្រវតិ្តជោគជ័យរបស់លោក William Henry Gates

ប្រវតិ្តជោគជ័យរបស់លោក William Henry Gates

Written By Unknown on Wednesday, April 9, 2014 | 6:40 PM

លោក​ William Henry Gates កើត​​ថ្ងៃទី​ ២៨​ ខែ​តុលា​​ ឆ្នាំ​១៩៥៥
លោក​​ William​ Henry​ Gates ​កើត​​ថ្ងៃទី​​២៨​ ខែ​តុលា​ ​​ឆ្នាំ១៩៥៥​​​ គឺ​​ជា​​អ្នក​​គ្រប់គ្រង​អាជីវកម្ម​​មួយ​​របស់​​អាមេរិក​​​វិនិយោគិន​​អ្នក​សរសេរ​​កម្មវិធី​និង​​មេត្តា​​ជន​​។​ គាត់​គឺ​​ជា​​នាយក​​​ប្រតិបត្តិ​​​និង ​​​ជា​​​ប្រធាន​​​ក្រុមហ៊ុន​​ Microsoft​​ គាត់​​​បាន​​​បង្កើត​​​ឡើង​​​រួម​​​ជាមួ​យ​លោ​ក​​​ Paul​ Allen​ ។

ប្រវត្តិការសិក្សា
នៅ​​អាយុ ១​៣ឆ្នាំ Gates បាន​ចូល​រៀន​នៅ​សាលា Lakeside ។ សាលា​នេះ​បាន​ទិញ​​អង្គុលីលេខ​ប្រភេទ​​​ ASR-33 និង​​កុំព្យូទ័រ​ប្រភេទ General Electric (GE) សម្រាប់​ដាក់​ឲ្យ​សិស្ស​សិក្សា​ស្រាវ​ជ្រាវ​។​ដោយ​សារ​តែ​ចំណង់​ចំណូល​ចិត្ត​ និង​និស្ស័យ​ពី​តូច​ក្រូច​ឆ្មារទើប ​Gates ចាប់​យក​ជំនាញ​អ្នក​សរសេរ​កម្មវិធី​តាំង​ពី​ពេល​នោះ​មក​​​។ BASIC ជា​​កម្មវិធីដំបូង​បង្អស់​ដែល​លោក​បាន​សរសេរ​​ឡើង​​ដោយ​​ប្រើ​​បណ្ដាញ​​ កុំព្យូ ទ័រ​​​GE។ ពេលខ្លះ​លោក​មិន​បាន​ចូល​រៀន​ ម៉ោង​គណិត​វិទ្យា​ទេដោ​យ​ហេតុថា​នេះ​ជា​ស្នា​ដៃ​ដំបូងអ៊ី​ចឹង​ហើយ​ត្រូវ​ធើ្វ​អោយ​ល្អ​បំផុត​។ ម្យ៉ាងវិញទៀតមុខ​របរ​ជាអ្នក​សរសេរ​កម្ម​វិធី​ត្រូវស្វែង​យល់​ និង​ស្រាវ​ជ្រាវ​ច្រើន​។
កម្មវិធី​​ដែល​​គាត់​​បាន​​សរសេ​រ​ដំបូង​​ត្រូវ​បាន​​ដាក់​​ឲ្យ​ដំណើ​រ​ការ​នៅ​លើ​​កុំព្យូទ័រ​ GE​របស់​​សាលា​​ដែល​​Gates​កំពុង​​សិក្សា​​ផ្ទាល់​​តែ​ម្ដង​​​។ កម្មវិធី​​ដំបូង​​​​នោះ​​មាន​​ឈ្មោះ​​ថា ​tic-tac-​toe​ជា​ប្រភេទ​​​​កម្មវិធីដែល B​ill​ Gates ​ប្រើសម្រាប់គ​ម្រោង​Traffic​ Counter​​។​ ​ក្រោយ​មក​​​ដោយ​សារ​​សាលា​អស់​មូលនិធិ​​ ក៏​បាន​បិទ​មិន​ឲ្យ​ប្រើ GE ទៀត​ទេ​ បន្ទាប់​ពី​នោះGates ប្ដូរ​មក​​​សរសេរ​កម្មវិធី​ ​លើ DEC PDP minicomputer វិញ​ម្ដង​។ ​ក្នុង​ចំណោម​ប្រព័ន្ធ​ដែល​​គាត់​បាន​ប្រើ​ដើម្បី​សិក្សា​​មាន​ប្រព័ន្ធ​មួយ​គឺ PDP-១០ ដែល​ជា​កម្មសិទ្ធិ​របស់​​មជ្ឈមណ្ឌល​សាជីវកម្ម​កុំព្យូទ័រ (CCC) បាន​ហាម​មិន​ឲ្យ​សិស្ស​សាលា Lakeside ចំនួន​បួន​នាក់​​ប្រើ​ទេ​​គឺ Gates, Paul Allen, RicWeilandនិង Kent Evans ដោយហេតុផល​សំខាន់​តែ​មួយ​គត់ ​គឺសិស្ស​​ទាំង​បួន​នាក់​នេះ​សុទ្ធ​តែ​ជា​សិស្ស​ពូកែ​ខាង​សរសេរ​កម្មវិធី​ទាំង​អស់។

ក្រោយ​មក​ក្រុមហ៊ុន Information Sciences Inc. បានជួល Gates ​ឲ្យ​​សរសេរ​កម្មវិធី​សម្រាប់​ចុះ​ឈ្មោះ​សិស្ស​ពេល​ចូល​រៀន​ដំបូង​ដែល​មាន​ឈ្មោះ​ថា COBOL។ ​សមិទ្ធផល​ដែល​Gates សម្រេច​បាន​នេះ​ធ្វើ​ឲ្យ​​អ្នក​គ្រប់​គ្រងក្រុមហ៊ុន​នោះ​មាន​ការ​ពេញ​ចិត្ត​នឹង​ស្នាដៃ​​នេះ​ខ្លាំង​ណាស់​ហើយ​បន្ត​​ជួល Gates ឲ្យ​សរសេរ​កម្មវិធី​​​​​​ជា​បន្តបន្ទាប់​។ នៅ​ឆ្នាំ​១៩៧៣ Gates បាន​ប្រលង​បញ្ចប់​ពី​សាលា Lakeside តាម​​ប្រព័ន្ធ​ធ្វើតេស្តSAT (Scholastic Aptitude Test) ប្រឡង​លើ​បី​មុខ​វិជ្ជា​គឺ​ គណិត​ សំណេរ និង Critical Reading។ ជា​លទ្ធផល​ Gates​ទទួល​បាន​ពិន្ទុ​១៥៩០ ខណៈ​ដែល​​ពិន្ទុ​សរុប​១៦០០។ បន្ទាប់​មក​ទៀតលោក​បាន​បន្ត​​ថ្នាក់​​ឧត្ដម​សិក្សាផ្នែក​ច្បាប់​នៅ​​សាកលវិទ្យាល័យ Harvard ។
ការ​ចាប់​យក​ជំនាញ​ច្បាប់​នេះមិន​មែន​ជា​ការ​ស្រលាញ់ និង​គំនិត​របស់ ​Gates ទេ​ តែ​វា​ជា​គំនិត​និង​ការ​ត្រួសត្រាយ​ផ្លូវ​របស់​ឪពុក​ម្ដាយ​លោក​​ទាំង​ស្រុង​។ស្ដែង​អាការៈ​មិន​ពេញ​ចិត្ត​ ទៅ​នឹង​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សាមួយ​ថ្ងៃ​ៗ Gates តែង​តែ​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​ស្វែង​យល់​​ពី​​កុំព្យូទ័រ​ទៅ​វិញ​​។ ក្នុង​ឆ្នាំ​ដដែល​នោះ​​គាត់​បាន​ជួប​ជា​មួយ​ Steve Ballmer ដែល​ក្រោយ​មក​ Ballmer បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft។

គ្រួសារ និ​ង​ជីវិត​អាពាហ៍ពិពាហ៍
          ដើម​ឡើយ​កម្រិត​ជីវភាព​គ្រួសារ​របស់ Bill Gates ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម​។ ​អ្នក​ស្រី​Mary Maxwell Gates ជា​ម្ដាយ​របស់Gate​កាន់​មុខ​ដំណែង​​ជា​​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុមហ៊ុន First Interstate BancSystemនិង United Way ​រីឯ​ ឪពុក​​របស់​លោក​ឈ្មោះ​ William H. Gates, Sr.​​ មាន​តួនាទី​​ជា​ប្រធាន​ធនាគារ​ជាតិ​​។ Gates ជា​កូន​ទី​ពីរ​ក្នុង​ចំណោម​​បង​ប្អូន​បី​នាក់​។នៅ​ឆ្នាំ​១៩៩៤ Gates បាន​រៀប​ការ​ជា​មួយ​នឹង Melinda Ann French។ ក្រោយ​មក​ប្រពន្ធ​របស់​មហាសេដ្ឋី​រូប​នេះ ត្រូវ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ Melinda French Gates។ពួក​គេ​ទាំង​ពីរ​មាន​កូន​បី​នាក់​ក្នុង​នោះ​កូន​ស្រី​​ពីរ​នាក់​គឺ Jennifer Katharine Gates ​ ក្នុងឆ្នាំ១៩៩៦និង Phoebe Gathoesក្នុងឆ្នាំ ២០០២​ហើយកូនប្រុស Rory John Gates កើតក្នុងឆ្នាំ ១៩៩៩។
ដំណាក់ការបង្កើត​ក្រុមហ៊ុន​Microsoft
អាយុ​បាន​ ​១៧​ឆ្នាំ​ គាត់​និង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​គាត់​គឺ Paul Allen បាន​​បង្កើត​​ក្រុមហ៊ុន​តូច​មួយ​ឈ្មោះ​ថា​ Traf-O-Data។ ក្រុមហ៊ុន​តូច​មួយ​នេះ​​​ Bill Gates ​រៀប​ចំ​ប្រព័ន្ធ​ដែល​មាន​ឈ្មោះ​ថា Traffic Counter ​សម្រាប់​លក់​ឲ្យ​​វិស្វករ​សិក្សា​​ស្រាវ​ជ្រាវ​។ Gates​ រក​ចំណូល​បាន​ពី​ក្រុមហ៊ុន​មួយ​នេះ​បាន​ជាង​២ម៉ឺន​ដុល្លារ​បន្ទាប់​មក ​​​លោក​ក៏​សម្រេច​ចិត្ត​​រំលាយ​ក្រុមហ៊ុនដែល​ជា​ឆ្នាំង​បាយ​ដំបូង​​នេះ​​ចោល បន្ទាប់​ពី​​ប្រលង​បញ្ចប់​វិទ្យាល័យ​ Lakeside ។
ក្នុង​ឆ្នាំ១៩៧៥ Gates និង Allen បាន​អាន​​ទស្សនាវដ្ដី​អេឡិចត្រូនិក​ប្រជាប្រិយ​​ដែល​បាន​ចុះផ្សាយ​ពី Altair ៨៨០០ ជា​ប្រភេទ​មីក្រូ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Micro Instrumentation and Telemetry System’s (MITS)​ ត្រូវ​ការ​​កម្មវិធី BASIC Interpreterសម្រាប់ support ម៉ាស៊ីន​ដំណើរ​ការ​។​ ពេល​នោះ​ពួក​គាត់​ទាំង​ពីរ​មាន​ ជំនឿ​ជាក់​​ថា​អាច​សរសេរ​កម្មវិធី BASIC Interpreter ​សម្រាប់ ​ក្រុមហ៊ុន​នេះ​បាន​ពី​ព្រោះ​ពួក​គេ​​ជា​អ្នក​សរសេរ​កម្មវិធី​បក​ប្រែ​ពី​​ ភាសា​កុំព្យូទ័រ​ឲ្យ​អ្នកប្រើប្រាស់​អាច​អាន​បាន​​​ស្រាប់​។

ក្រោយ​មក Allen បាន​ទំនាក់​ទំនង​​សុំ​សរសេរ​កម្មវិធី​កុំព្យូទ័រ​​ឲ្យ​ក្រុមហ៊ុន MITS ព្រម​ទាំង​ទទួល​បាន​ការ​​យល់​ព្រម​​យ៉ាង​កក់​ក្ដៅ​សម្រាប់វត្ត​មាន​របស់ Programmer ទាំង​ពីរ​​នាក់​នេះ​។ Gates និងPaul មិន​មាន​​កុំព្យូទ័រ Altairទេ ​ ហើយ​អ្នក​ទាំង​ពីរ​ក៏​មិន​បាន​សរសេរ​កូដ​សម្រាប់​​កុំព្យូទ័រ​នេះ​ដែរ​គឺ​ រាល់​ការ​សរសេរ​ និង​សាក​ល្បង​កម្មវិធី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ Demo (Simulator) ទាំង​អស់​។ វា​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​គឺ​ត្រឹម​តែ​ប្រាំ​បី​សប្ដាហ៍​ប៉ុណ្ណោះ​ មិត្តភ័ក្តិ​វ័យ​ខុសគ្នា​​ទាំង​ពីរ​នេះ​​អាច​រៀប​ចំ​ប្រព័ន្ធ​សរសេរ​កម្មវិធី​​បាន​រួច​រាល់​ សម្រាប់ Altair ។

បន្ទាប់ពី​នោះ MITS ​ក៏បាន​ដាក់​លក់​មីក្រូ​កុំព្យូទ័រ​របស់​ខ្លួន​ដំណើរ​ការ​ដោយ​កម្មវិធី​ភាសា BASIC របស់ Gates និង Allen។ ដោយ​សារ​តែ​សម្លឹង​​ឃើញ​​ឱកាស​​ដ៏​​មាន​តម្លៃ Gates បាន​ឈប់​រៀន​នៅ​សាកលវិទ្យាល័យ​ដោយ​រៀន​បាន​ត្រឹម​ឆ្នាំ​ទី​ពីរ​​ប៉ុណ្ណោះ​ហើយ​ត្រលប់​មក​ទីក្រុង Albuquerque រដ្ឋ​ New Mixeco ​​ដែល​ជា​ទីតាំង​របស់​ក្រុមហ៊ុន MITS។ ​Gates​ និង Paul Allen បាន​សហការ​គ្នា​បង្កើត​ក្រុមហ៊ុន​មួយ​​ថ្មី​ទៀត​ ហើយ​សម្រេច​ដាក់​ឈ្មោះ​ថា ​Microsoft ជា​ផ្លូវ​ការ​ និង​ចាប់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ​ឆ្នាំ១៩៧៥ ហើយ​សិស្ស​ពូ​កែ​ Bill Gates ​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ប្រតិបត្តិ​​ផ្ទាល់​។
កិច្ចការ​មនុស្ស​ធម៌
Gate និង​ប្រពន្ធ​របស់​គាត់​បាន​បង្កើត​ជា​មូលនិធិ​មួយ​ដែល​មានឈ្មោះ​ថាមូលនិធិ Bill&Melinda​ Gates នៅ​ឆ្នាំ​១៩៩៤​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មូលនិធិ​ឯកជន​​ប្រតិបត្តិការ​ប្រកប​ដោយ​តម្លាភាព​បំផុត​។មូលនិធិនេះ​មាន​គោល​បំណង​ជួយ​ប្រជាជន​នៅ​ជុំវិញ​​ពិភព​លោក​តាម​រយៈ​ការ​​ពង្រឹង​ សុខភាព​សាធារណៈ កាត់​បន្ថយ​ភាព​ក្រី​ក្រផ្ដល់​ឱកាស​ដើម្បី​ឲ្យ​ទទួល​បាន​សេវា​អប់​រំ​ស្មើ​ៗ​គ្នា​ និង​ជា​ពិសេស​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ក្រី​ក្រ​​ទទួល​បាន​ឱកាស​​ ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​។រហូត​មក​ដល់​ពេល​នេះ​មូលនិធិ​ សរុប​កើន​ដល់​​ទៅ​ជាង​ ៣ ៣​០០០​លាន​ដុល្លារ​។

ទស្សនាវដ្ដី Forbes បាន​​​ដាក់​ចំណាត់​​ថ្នាក់ Gates ជា​មហាសេដ្ឋី​ពិភព​លោក​​នៅ​ឆ្នាំ​១៩៨៧​ដែល​ទ្រព្យ​សម្បត្តិ​​គាត់​សរុប​​រហូត​ដល់​ទៅ​ ១.២៥​លានពាន់ដុល្លា។​ ឆ្នាំ​២០០៤-២០០៦​មហាសេដ្ឋី​លំដាប់​ពិភពលោក​រូប​នេះ​ត្រូវ​បាន​ទស្សនាវដ្ដី Time Magazine ដាក់​ចំណាត់​ថ្នាក់​គាត់​ក្នុង​បញ្ជី​អ្នក​ដែល​មាន​ឥទ្ធិពល​បំផុត​​នៅ​ទសវត្សរ៍​​ទី​២០ទាំង​មួយ​រយ​នាក់​​​។