ទំព័រដើម » , » លក្ខណៈសម្បត្តិប្រាបីយ៉ាងរបស់មនុស្សជោគជ័យ

លក្ខណៈសម្បត្តិប្រាបីយ៉ាងរបស់មនុស្សជោគជ័យ

Written By Unknown on Monday, April 7, 2014 | 11:26 PM

មានថ្ងៃមួយ សិស្សវិទ្យាល័យក្រីក្រម្នាក់បានសួរសំនួរដ៏សាមញ្ញមួយទៅកាន់លោកRichard St. John
ដែលជាវាគ្មិន និងអ្នកនិពន្ធសៀវភៅគន្លឹះជាច្រើនថា  តើអ្វីទៅដែលនាំទៅរកភាពជោគជ័យ។ គាត់រក
នឹកឆ្លើយមិនចេញ។ ដូច្នេះគាត់ក៏ចំណាយពេល៧ឆ្នាំបន្ទាប់សម្ភាសមនុស្សជោគជ័យ៣០០នាក់។
ខាងក្រោមនេះ គឺជាអ្វីដែលគាត់គិតថាជួយឲ្យមនុស្សទទួលបានជោគជ័យ។

១. ធ្វើការងារណាដែលខ្លួនស្រលាញ់ពេញចិត្ត 

Freeman Thomas អ្នករចនាម៉ូដរថយន្តដ៏ល្បីល្បាញបាននិយាយថា៖” កម្លាំងជម្រុញដែលសំខាន់
បំផុតសម្រាប់ខ្ញុំ គឺសេចក្តីស្រលាញ់ការងារដែលខ្ញុំធ្វើ”។ សម្រាប់អ្នកជោគជ័យ គេធ្វើការពីព្រោះគេ
ស្រលាញ់ការងារនោះ មិនមែនធ្វើការដើម្បីតែលុយមួយមុខប៉ុណ្ណោះទេ។ រឿងដែលគួរឲ្យចាប់អារម្មណ៍
នោះគឺថា ប្រសិនបើយើងធ្វើការណាដែលយើងចូលចិត្ត លុយក៏ហូរចូលមកតាមនោះដែរ។ ផ្ទុយមកវិញ
ការធ្វើការងារណាដែលយើងមិនចូលចិត្ត អាចធ្វើឲ្យយើងឆាប់ធុញទ្រាន់ ហើយបាត់បង់ចំណង់
ខំប្រឹងប្រែងធ្វើការងារនោះ។ 

២. ខិតខំធ្វើការ
Rupert Murdoch ដែលជាមហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា៖”ជោគជ័យរបស់ខ្ញុំគឺបាន
ពីការខិតខំប្រឹងប្រែង។ គ្មានអ្វីដែលបានមកដោយងាយស្រួលទេ។ ប៉ុន្តែការងារទាំងនេះធ្វើឲ្យខ្ញុំសប្បាយ
ចិត្ត”។ សម្រាប់មនុស្សជោគជ័យ គេសប្បាយចិត្តនឹងធ្វើការ។ ហើយគេខំធ្វើការ។ និយាយទៅ សេចក្តីសុខ
របស់គេ គឺការប្រឹងប្រែង។

៣. អនុវត្ត
Alex Garden ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធ្វើកម្មវិធីហ្គេមនៅកាណាដា បាននិយាយ
ប្រាប់ខ្ញុំថា៖”ដើម្បីក្លាយជាមនុស្សជោគជ័យ យើងត្រូវធ្វើ ឬអនុវត្តជាក់ស្តែង ហើយត្រូវតែពូកែស្ទាត់ខាង
ការងារនោះ”។ គ្មាននរណាកើតមកចេះឯងនោះទេ។ ការស្ទាត់ជំនាញ គឺអាស្រ័យលើការអនុវត្ត ធ្វើហើយ
 ធ្វើទៀត។

៤. ផ្តោត
Norman Jewison ដែលជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញមួយរូប របស់កាណាដាបាននិយាយប្រាប់
ខ្ញុំថា៖ “ជោគជ័យ គឺពឹងផ្អែកទៅលើការផ្តោតការយកចិត្តទុកដាក់ទៅលើការងារតែមួយ ឲ្យអស់ពីចិត្ត”។

៥. ជម្រុញខ្លួនឯង
David Gallo អ្នកឌីហ្សាញដែលមានកេរ្តិ៍ឈ្មោះល្បីមួយរូប និយាយថា៖”យើងត្រូវជម្រុញខ្លួនឯង។
ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ត្រូវបង្ខំខ្លួនឯង។” 

៦. បម្រើ
Sherwin Nuland ដែលជាវេជ្ជបណ្ឌិតវះកាត់ សាស្រ្តាចារ្យសកលវិទ្យាល័យយ៉េលរបស់អាមេរិច និង អ្នកនិពន្ធដ៏ល្បីល្បាញមួយរូបបាននិយាយថា៖” មានក្មេងជាច្រើនបានសួរខ្ញុំថាតើត្រូវធ្វើយ៉ាងណាដើម្បី
ក្លាយជាសេដ្ឋី។ ខ្ញុំប្រាប់ទៅគេវិញថា រឿងដំបូងដែលយើងត្រូវធ្វើ គឺបម្រើមនុស្ស ដោយធ្វើ ឬផ្តល់អ្វី
ដែលមានប្រយោជន៍ដល់គេ។ គឺតាមរយៈការងារនេះហើយ ដែលនាំឲ្យយើងក្លាយជាអ្នកមាន”។ 

៧. គំនិត
Bill Gatesបាននិយាយថា៖”ពេលនោះ ខ្ញុំមានគំនិតមួយ គឺបង្កើតក្រុមហ៊ុនសហ្វវែរកុំព្យូទ័រដំបូងទេ”
តាមពិតគំនិតនេះ ជាគំនិតល្អមែន។ ប៉ុន្តែគំនិតនេះ មិនមែនដោយសារគាត់ជាមនុស្សអស្ចារ្យ
កើតមកនឹកឃើញចង់បង្កើតក្រុមហ៊ុននេះទេ។ គំនិតនេះ កើតមកដោយសារការធ្វើការសាមញ្ញ
ទាក់ទងនឹងវិស័យកុំព្យូទ័រនេះឯង។

៨. តស៊ូ

អ្នកដែលជោគជ័យតែងតែលើកឡើងដូចៗគ្នាថា ការតស៊ូ គឺជាមូលហេតុលេខមួយ ដែលនាំឲ្យគេ
ជោគជ័យ។ យើងត្រូវតែតស៊ូ ទោះបីជាយើងបរាជ័យជាច្រើនដងក៏ដោយ។ យើងត្រូវតែតស៊ូ បើទោះ
ជាមាន ការរិះគន់ បដិសេធ ឬ សម្ពាធបែបណាក៏ដោយ។

ដោយសង្ខេប ធ្វើការដោយសេចក្តីស្រលាញ់ការងារនោះ មិនមែនដោយសារលុយនោះទេ។ 
ជម្រុញខ្លួនឯង ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ តស៊ូបើទោះបីជាមានការរិះគន់ បដិសេធ និង សម្ពាធ
យ៉ាងណាក៏ដោយ។ ចេះស្ទាត់នូវអ្វីដែលយើងធ្វើ។ អនុវត្ត អនុវត្ត ហើយអនុវត្តទៀត។
ធ្វើអ្វីមានប្រយោជន៍ដល់អ្នកដទៃ ហើយលុយនឹងហូរចូលមក។ ស្វែងរកគំនិត ស្តាប់ សង្កេត 
ចេះចង់ដឹង សួរសំនួរ ដោះស្រាយបញ្ហា បង្កើតទំនាក់ទំនង ផ្តោតទៅលើការងារណាមួយឲ្យប្រាកដ។ 

ទាំងនេះគឺជាកត្តាដែលនាំទៅរកភាពជោគជ័យ។ 

(ប្រែសម្រួលពីគេហទំព័របរទេស)
ប្រភព khmeralpha