ទំនាក់ទំនង មិនមែនស្ថិតនៅលើការនិយាយដ៏ប៉ិនប្រសប់ទាងស្រុងនោះឡើយប៉ុន្តែគឺវា ស្ថិតនៅលើលក្ខណៈនៃការស្តាប់របស់អ្នកបានល្អកម្រិតណាដែរ។ ចំពោះអ្នកស្តាប់ល្អមានលក្ខណៈសម្បតិ្តមួយចំនួនដូចតទៅ៖
- មិនគិតទុកជាមុនថាគេចង់និយាយអំពីអ្វី និងមិននិយាយកាត់ម្តីរបស់គេ។
- មិនបង្ហាញកាយវិការធុញទ្រាន់ក្នុងការស្តាប់ ដែលមានដូចជាៈ ស្ងាប ងាកឆ្វេង ចុកទូរសព្ទ កេះនេះ កេះនោះ។
- ចេះបង្ហាញកាយវិការយកចិត្តទុកដាក់ស្តាប់ ដែលមានដូចជា សម្លឹងភ្នែកអ្នកនិយាយ (ក្រសែភ្នែកមានឥទ្ធិពលខ្លាំងជាង) ទះតិចៗឬអង្អែលស្មា ងក់ក្បាលញាក់ភ្នែកញញឹម លើកមេដៃ សរសើរក្នុងភាពស្ងៀមស្ងាត់។
- ចេះប្រើពាក្យពេជន៍ដែលបង្ហាញនូវការយកចិត្តទុកដាក់ស្តាប់ ដែលមានដូចជាៈ បាទ ចាស ហ៊ឹម ល្អ យោបល់របស់អ្នកប្រសើរមែន សម្តីអ្នកខ្ញុំយល់ស្រប ខ្ញុំគាំទ្រគំនិតនេះ ខ្ញុំក៏យល់អ៊ីចឹងដែរ យោបល់នេះអស្ចារ្យ បើខ្ញុំជាអ្នកខ្ញុំក៏គិតបែបនេះដូចគ្នា កុំបារម្ភពេក មិនអីទេរឿងនេះអាចដោះស្រាយបានកុំព្រួយអី។
- មិនបង្អង់យូរក្នុងការឆ្លើយតបនូវចម្លើយសមហេតុផល បើអ្នកនិយាយចោទសួរអ្នក។
- មិនឆ្លើយបញ្ច្រាស់ទិស ដោយសួរតបទៅកាន់អ្នកនិយាយ ពេលដែលអ្នកនិយាយចោទសួរ ហើយស្តាប់មិនទាន់ដូចជាៈ អ្នកសួរថាម៉េចវិញ? ហ្អា? អីគេ? សួរម្តងទៀតមើល? អំបាញ់មិញនិយាយដល់ណា? ខ្ញុំអត់បានស្តាប់ផង ខ្ញុំមិនយល់អ្វីដែលអ្នកនិយាយទេ សំណួរអ្នកខ្ញុំស្តាប់មិនបាន។
- ក្នុងករណីដែលអ្នកស្តាប់មិនទាន់នូវសំណួរដែលអ្នកនិយាយចោទសួរ អ្នកអាចប្រើនូវឃ្លាមួយចំនួនសួរត្រឡប់ទៅវិញដោយការយកចិត្តទុកដាក់ ដើម្បីកុំឲ្យអ្នកនិយាយយល់ថា អ្នកមិនបានចាប់អារម្មណ៍នូវអ្វីដែលគេបាននិយាយប្រាប់ ដែលមានដូចជាៈ ចំពោះសំណួរនេះខ្ញុំពិបាក់ឆ្លើយណាស់ រឿងនេះខ្ញុំមិនដឹងគួរឆ្លើយបែបណាទេទើបសមនោះទេ ឥឡូវអ្នកគិតបែបណាឆ្លើយប្រាប់ខ្ញុំសិនមកខ្ញុំនឹងផ្តល់ចម្លើយឲ្យ វិញ អ្នកអាចប្រាប់ខ្ញុំឲ្យបានលម្អិតជាងនេះបន្តិចបានទេមុននឹងខ្ញុំ ឲ្យចម្លើយអ្នកនោះជារឿងរបស់អ្នកបើខ្ញុំផ្តល់យោបល់ហាក់បីដូចជាមិន សមរមទេ ខ្ញុំពិបាក់និយាយណាស់ព្រោះខ្ញុំមិនមែនស្ថិតនៅក្នុងស្ថានភាព ជាក់ស្តែង ឬ (ស្នើអ្នកស្តាប់ផ្សេងឆ្លើយមុន) ជារួមអ្នកស្តាប់ល្អ លក្ខណៈពិសេសចុងក្រោយគឺ “បើអ្នកនិយាយសួរ ចូរស្នើនូវចម្លើយដល់គេ” ក្នុងន័យនេះ ជាដាច់ខាតគឺ “មិនបង្ខំគេឲ្យទទួលយកចម្លើយរបស់អ្នកឡើយ” ព្រោះបើអ្នកបង្ខំគេឲ្យទទួលយកនូវចម្លើយរបស់អ្នក វានឹងមានន័យថា “អ្នកហ៊ានរ៉ាប់រងនូវបញ្ហាដែលនឹងត្រូវកើតឡើង”៕
----------------------
ប្រភព PopzoneAsia