ទំព័រដើម » » វិធី 6 យ៉ាងដើម្បីសម្របជាមួយនឹងមនុស្សដែលគួរឱ្យធុញ

វិធី 6 យ៉ាងដើម្បីសម្របជាមួយនឹងមនុស្សដែលគួរឱ្យធុញ

Written By Unknown on Thursday, May 1, 2014 | 6:34 PM

មិន​ថា​លោក​អ្នក​ជា​មនុស្ស​ដែល​ចិត្ត​ល្អ​យ៉ាង​ណា​ទេ ក៏​លោក​អ្នក​នៅ​តែ​មាន​មនុស្ស​ដែល​ខ្លួន​ធុញ​ទ្រាន់​ដែរ ហើយតែង​តែ​មិន​ចង់​បង្ក​បញ្ហា​ជាមួយ​ឡើយ។ ដូច្នេះ លោកអ្នក​ត្រូវ​តែ​ហ្វឹក​ហាត់​ចិត្ត​គំនិត និង​ព្យាយាម​បើក​ចិត្ត​ឱ្យទូលាយ​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​មនុស្ស​ទាំង​នោះ។


1. រក្សាភាពស្ងប់ស្ងាត់៖ 
វិធីសាស្រ្ត​ដ៏​ល្អ​ដើម្បី​ដោះ​ស្រាយ​ជាមួយ​នឹង​មនុស្ស​ដែល​គួរ​ឱ្យ​ស្អប់ គឺ​លោក​អ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ជានិច្ច។ លោក​អ្នក​មិន​ត្រូវ​បង្ហាញ​ចំណាប់​អារម្មណ៍​ណាមួយ​ទៅ​លើ​ពួក​គេ​ឡើយ ដូច្នេះ​ពួក​គេ​ក៏​មិន​ព្យាយាម​មក​ទាក់​ទងយើង​ដែរ។

2. ផ្លាស់ប្ដូរការយល់ឃើញ៖ 
នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​បង្កើត​បញ្ហា​ដល់​លោក​អ្នក លោក​អ្នក​ត្រូវ​ព្យាយាម​ស្វែង​រក​ឫស​គល់​ថា​ហេតុ​អ្វីបាន​ជា​មនុស្ស​ទាំង​នោះចូល​ចិត្ត​បង្ក​តែ​បញ្ហា​ឱ្យ​អ្នក​ដទៃ​ដោយ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​គំនិត​ទុទិដ្ឋិនិយម​ទៅ​លើ​ពួក​គេ ហើយ​វិនិច្ឆ័យ​បញ្ហា​នោះ​ទៅ​កាន់​ចំណុច​ផ្សេង​ទៀត​ដែល​អាច​ឱ្យលោក​អ្នក​ស្វែង​យល់​ពី​បញ្ហា​បាន​ជ្រៅ​ជ្រះ​ជាង​មុន។

3. កុំបន្ទាបខ្លួនឯង 
វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ទៀត​ដែល​លោក​អ្នក​អាច​ជៀស​ឆ្ងាយ​ពី​មនុស្ស​ដែល​គួរ​ឱ្យ​ស្អប់ ពិសេស​គឺ​ជម្លោះ​បាន គឺ​មិនត្រូវ​​យក​ខ្លួន​ឯង​ទៅ​ប្រឡាក់​ប្រឡូក​នឹង​កម្រិត​ពួក​គេ​ឡើយ។ មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​កំហឹង ហើយ​កំហឹង​ទាំងនោះ​នឹង​នាំ​ពួក​គេ​នូវ​ល្បិច​កល និង​កំហុស​ជា​ច្រើន ដូច្នេះ បើសិន​ជា​ពួកគេ​ព្យាយាម​បង្ក​ជម្លោះ​នោះ យើង​មិន​ត្រូវធ្វើ​ឱ្យ​ខ្លួន​ពាក់ព័ន្ធ​នឹង​មនុស្ស​ទាំង​នោះឡើយ​ដើម្បី​កុំ​ឱ្យ​បញ្ហា​វា​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ។

4. ត្រូវយល់ថាបញ្ហារបស់គេ មិនមែនបញ្ហារបស់យើង៖ 
ក្នុងពេល​ដែល​មនុស្ស​ទាំងនោះ​បង្កើត​បញ្ហា​ជាច្រើន លោក​អ្នក​មិន​គួរ​ចូល​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​ពួកគេ​ឡើយ។ មូលហេតុ​ដែល​យើង​មិន​គួរ​ទៅ​រួម​ចំណែក​ក្នុង​បញ្ហា​របស់​គេ គឺ​បញ្ហា​ទាំង​នោះ​អាច​ក្លាយ​ជា​ទុក្ខ​ដ៏​ធ្ងន់ ដូច​ចាស់ពោល​ថា “សាច់​មិន​បាន​ស៊ី យក​ឆ្អឹង​ព្យួរ​ក” ជាដើម​នោះ។ ដូច្នេះ អ្នក​ណា​បង្កើត​បញ្ហា អ្នក​នោះ​ត្រូវ​តែ​ជា​អ្នក​ដោះស្រាយ​ដោយ​ខ្លួន​ឯង។

5. កុំឱ្យគំនិតរបស់ពួកគេប៉ះពាល់ដល់យើងឱ្យសោះ៖ 
ពាក្យ​សម្ដី​អាច​ធ្វើ​ឱ្យ​មនុស្ស​ឈឺ​ចា​ប់​បាន​បើ​សិន​ជា​វា​មាន​ឥទ្ធិពល។ ដើម្បី​ឱ្យ​ខ្លួន​ឯង​រឹង​មាំ លោក​អ្នក​ត្រូវ​មាន​ជំនឿលើ​ខ្លួន​ឯង​មិន​ថា​អ្នកណា​គិត​អ្វី​លើ​ខ្លួន និយាយ​អ្វី​ប៉ះពាល់​ដល់​ខ្លួន​ឡើយ ដែល​ប្រការ​ទាំង​នេះ​អាច​ធ្វើ​ឱ្យ​មនុស្សទាំង​នោះ​លែង​ហ៊ាន​និយាយ​ផ្ដេស​ផ្ដាស​ទៀត។

6. ត្រូវឃ្លាតឱ្យឆ្ងាយពីមនុស្សទាំងនោះ៖
ជីវិត​នឹង​ប្រសើរ​ជាង​មុន​បើ​សិន​ជា​លោក​អ្នក​អាច​ជៀស​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​មាន​ចរិត​គួរ​ឱ្យ​ធុញ និង​គួរ​ឱ្យ​ស្អប់ទាំង​នោះ​បាន។ សូម​កុំ​ខ្លាច​នឹង​បាត់​បង់​មិត្ត​ឱ្យ​សោះ បើសិន​ជា​លោក​អ្នក​ខ្លាច នោះ​ពួកគេ​នឹង​នៅ​តែ​ជា​បញ្ហា​ជាប់​រហូត៕
ប្រភព Khmerstation